ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ឲ្យមានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើងចំពោះជនពិការ ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគ ថ្លង់ និង ពិការភ្នែកបានធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ សម្តេចក៏បាន ក្រើនរំលឹកដល់ក្មួយៗ កុមារគ ថ្លង់ និង ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរៈមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ទាំងអស់កុំបាក់ទឹកចិត្ត និងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ ។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន ។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ និងពិការភ្នែកទាំងវិទ្យាល័យទាំងពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ ។

ក្នុងនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភដល់វិទ្យាល័យទាំងពីរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៉ីអ៉ីវ ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៣កេស, និងផ្លែឈើ ៦កេស និងថវិកាមួយចំនួន ៕

Leave a Reply

Your email address will not be published.