ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋប្រទះឃើញមីនតោនចំនួន ០២គ្រាប់ ខណៈកំពុងភ្ជួរដី រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៣ និង១៥នាទីរសៀល នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ០១នាក់ ខណៈកំពុងតែភ្ជួរដីស្រែ ដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន ២គ្រាប់ កប់ជាន់លើគ្នា សំណាងល្អមិនផ្ទុះ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជារៀងរាល់ឆ្នាំ គាត់តែងភ្ជួរដីស្រែ នៅចំណុចខាងលិចឈៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ម៉ែត្រ ដើម្បីដាំដំឡូងមី។ ប៉ុន្តែឆ្នាំនេះ ពេលគាត់កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនដាក់កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមដាក់ត្រួតលើគ្នាចំនួន ២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ ដើម្បីយកទៅកំទេចចោលផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ខ្សែ-ក ម្នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានសម្រាលកូនរួច កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០២យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕