ព័ត៌មានជាតិ

អបអរសាទរ! ក្រុងព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២៤

(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឲ្យសាធារណជនចូលរួមបោះឆ្នោត គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន៖ *ទី១៖ ខេត្តព្រះសីហនុ *ទី២៖ ខេត្តបាត់ដំបង *ទី៣៖ ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នាពេលខាងមុខ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថភ្លើងក្រឡាប់ ដាច់ទូកុងតឺន័រជាកំណាត់ៗ ពុំមានមនុស្សរងរបួសនោះទេ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នេះថា នៅវេលាម៉ោងប្រមាណជិត៦ព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងក្រឡាប់ ដាច់ទូកុងតឺន័រជាកំណាត់ៗ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុនៅឡើយទេ ហើយក៏ពុំមានមនុស្សរងរបួសនោះដែរ ។ មុនកើតហេតុគេឃើញរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រទេះភ្លើងក្រឡាប់នេះ បានកើតឡើងនៅត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រភពបញ្ជាក់បន្ថែមទៀតថា រថភ្លើង១ខ្សែដែលមានគ្រោះថ្នាក់ចរាចរណ៍ខាង់លើ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។ ប៉ុន្តែគេពុំទាន់ដឹងអំពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែឃើញផ្លូវដូចស្រុតដែករ៉ៃ អាចនិយាយបានថាដឹកធ្ងន់ពេកក៏ថាបាន ៕

ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកណ្តាល​​ ដែលបានរួបរួមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ស្របតាមខ្លឹមសារនៃលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក៏ដូចជា សេចក្តីណែនាំនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធ​រ​ដែនដីគ្រប់លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការ របស់ជនរងគ្រោះទាំងឡាយបានទាន់ពេលវេលា សកម្មភាពដ៏ល្អប្រពៃនេះ បានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការទាក់ទាញទឹកចិត្តគាំទ្រ យ៉ាងទូលំទូលាយ ពីប្រជាពលរដ្ឋរបស់យើង និងទទួលបានការអបអរសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តកណ្តាល។ «ការងារស័្មគ្រចិត្ត មិនត្រឹមតែបានចូលរួមក្នុងកិច្ចការងារសង្គម និងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឲ្យយុវជនចាប់ និងបង្កើតឱកាសការងារនាពេលបច្ចុប្បន្ន»៕