ព័ត៌មានជាតិ

ព្រះមហាក្សត្រយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជារាស្រ្តនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលពាំនាំនូវការផ្តាំផ្ញើនៅការសាកសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនចៅ ចៅទួតរបស់ព្រះមហាក្សត្រីពីចម្ងាយ។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៥២៩គ្រួសារ នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសសើរ លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឲ្យប្រទេសទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍គួរស្ញប់ស្ញែងនៅលើឆាកអន្តរាជាតិ ដែលបច្ចុប្បន្នកូនចៅទទួលបានពេញលេញ ការរស់នៅប្រកបដោយសុខសុភមង្គ។ ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជារឹតតែទទួលបាននូវភាពកក់ក្តៅបន្ថែម ហើយតទៅអនាគតកូនចៅសម្បូរសប្បាយ និងមានការអភិវឌ្ឍន៍កាន់តែរីកចម្រើន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃ ២៩នាក់ បញ្ជូនទៅប្រទេសវិញ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ ចំនួន ២៩នាក់ ស្រី១៤នាក់ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជា។ ការប្រគល់-ទទួល បានធ្វើឡើងចំនួន ២លើក រួមមាន៖ * លើកទី១៖ វេលាម៉ោង០៩៖៥០នាទី ជាមួយស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មនុស្សចំនួន២៥នាក់ ស្រី១៣នាក់។ * លើកទី២៖ វេលាម៉ោង១១៖២០នាទី ជាមួយនាកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មនុស្សចំនួន០៤នាក់ ស្រី០១នាក់។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ចំនួន២៦នាក់ ស្រី១៤នាក់ និង០៣ឆ្នាំចំនួន ០៣នាក់ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័ត មួយកន្លែងដកហូតបានតែវត្ថុតាងសម្ភារៈដោយឡែកមនុស្សរត់ចែកជើងគ្នាអស់

(ឧត្តរមានជ័យ) សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ចំណុចផ្ទះទុកចោលក្នុងចម្ការស្វាយចន្ទីក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ នេះបើតាមការដឹងពីលោកវរសេនីយ៍ទោលោកជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការ ចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងនេះផងដែរធ្វើឡើង តាមបទបញ្ជា ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ឲ្យលោកវរសេនីយ៍ទោជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងសាបដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានស្រុកនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជាច្រើននាក់ចុះធ្វើការបង្ក្រាបទីតាំងជល់មាន់ចល័តមួយកន្លែងស្ថិតនៅ ត្រង់ចំណុចខាងលើ។ គួររំលឹកថា កាលពីអំឡុងថ្ងៃទី២១ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះបន្ទាប់ពីមានពត៌មានផុសនៅលើបណ្តាញសង្គមថា មានការលួចលេងល្បែងប្រជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ភ្លាមៗនោះលោកស្នងការដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបតែម្តង។ នៅចំពោះមុខ កម្លាំងជំនាញបង្ក្រាបនិងដកហូតវត្ថុតាងរួមមាន ជញ្ជីងថ្លឹងមាន់ចំនួន១ ការុងហ៊ុមព័ទ្ធធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់និងស៊ុុម ២២ការុង ការុងដាក់មាន់ចំនួន០៣ ដាក់កត់បក្សីកីឡាចំនួន០៨ ទ្រុងដែកសម្រាប់ក្រុងដាក់មាន់ចំនួន០១ ស្កុតរុំខ្នាយមាន់ជាច្រើនទៀត។ បច្ចុប្បន្នវត្ថុតាង ដែលដកហូតបានត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការ នគរបាលស្រុកត្រពាំងប្រាសាទដោយឡែក ក្រុមអ្នកលេងបានរត់ បាតជើងសព្រាតអស់នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផងដែរ។ឈឹម.កុសល។