ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែកក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាតទប់ស្កាត់ក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ ក៏ដូចជាការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕