ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះត្រួតពិនិត្យដកហូត និងបង្ក្រាបទីតាំងស្តុកឈើលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើដោយគ្មានលិខិតអនុញាតិត្រឹមត្រូវនៅស្រុកអន្លង់វែង

(ឧត្តរមានជ័យ) ទីតាំងស្តុកឈើដាក់ដាក់ម៉ាស៊ីនរ៉ៃជ្រៀកឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ស្ថិតនៅត្រង់ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវបានកម្លាំងអាវុធហត្ថសហការជាមួយជំនាញមេព្រៃចុះធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតសម្ភារៈ ម៉ាសុីនរ៉ៃប្រភេទ ឈើ ចំរុះជាច្រើនដុំ បញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៤នេះតែម្តង។ ប្រភពពីលោកស៊ុំសុីថា នាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែង បានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង៦និង៤០នាទីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ថា ចំពោះទីតាំង ស្តុកឈើ និងមានដាក់ម៉ាសុីនជ្រៀកឈើ ស្ថិតនៅភូមិឃុំខាងលើដែលមានម្ចាស់ឈ្មោះគូដា ដែលគេស្គាល់ជាមន្ត្រីយោធាបំរើការងារនៅកងពលតូចថ្មើរជើងលេខ៤១ ហើយជាក់ស្ដែងទីតាំងខាងលើនេះពុំមានច្បាប់អនុញ្ញាតិ ពិតប្រាកដមែនព្រមទាំងស្តុកឈើចំរុះជាច្រើនដុំថែមទៀត។ លោកនាយផ្នែករដ្ធបាលព្រៃឈើស្រុកអន្លង់វែងបានអះអាងបន្តថា បន្ទាប់ពីទទួលពត៌មានរាយការណ៏ពី អ្នកយកសារពត៌មានមកថា មានការលួចដាក់ម៉ាសុីនរ៉ៃជ្រៀកឈើអត់ច្បាប់រួចមកភ្លាមៗនោះ លោកសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ចុះធ្វើការត្រួតពិនិត្យ និងដកហូតឈើចំរុះជាច្រើនដុំនិងម៉ាសុីនរ៉ៃជ្រៀកឈើនោះតែម្តង ដោយឡែកឈើដែលដកហូតបាននោះមន្ត្រីជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គ្រាន់តែដឹងថា មានឈើប្រភេទដូចជា សុក្រម ផ្ចឹក ជាដើម ទាល់តែនៅព្រឹកស្អែកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៤នេះ បានក្រុមការងារ ធ្វើការវាស់វែងឲ្យដឹងចំនួនពិតប្រាកដ។ គួររំលឹកថា បន្ទាប់ពីសមត្ថកិច្ចជំនាញមេព្រៃនិងកម្លាំងអាវុធហត្ថចុះពិនិត្យ ទីតាំងស្ថិតនៅភូមិឃុំខាងលើក៏ឃើញថាការដាក់ម៉ាសុីនជ្រៀកឈើពិតជាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនិងស្តុកឈើ ដោយខុសច្បាប់ ខណៈនោះដោយមានការ សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថនិងមេព្រៃធ្វើការដកហូត យកមករក្សាទុក ឈើចំរុះជាច្រើនដុំផងដែរ។ សូមជម្រាបថា បច្ចុប្បន្នម្ចាស់សិប្បកម្មខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដោយឡែក ឈើចំរុះជាច្រើនដុំព្រមទាំងម៉ាសុីនរ៉ៃជ្រៀកឈើ ប្រភេទខ្នាតយក្សត្រូវបានកម្លាំងអាវុធហត្ថនិងជំនាញមេព្រៃដកហូតយកមករក្សាទុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យបង់ផាកពិន័យអន្តរកាលទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខ្យល់កន្ត្រាក់វាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋជិត៣០ខ្នងនៅស្រុកសំពៅលូន

(បាត់ដំបង) កាលពីវេលាម៉ោង ១៦និង៥០នាទី ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយបក់បោកធ្វើអោយខូចខាត ទ្រព្យសម្បត្តិផ្ទះសម្បែងប្រជាពលរដ្ឋលើឃុំចំនួន០២។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ក្នុងចំណោមឃុំចំនួន២ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ក្នុងនោះមានឃុំតាស្ដា និងឃុំសន្តិភាព ដែលក្នុងនោះធ្វើអោយខូចខាតលំនៅដ្ឋានសរុបចំនួន២៨ខ្នងផ្ទះ និងសើមទទឹកខូចសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផងដែរ។ ក្នុងចំណោមលំនៅដ្ឋានដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង២៨ខ្នងផ្ទះ ក្នុងនោះមានឃុំតាស្ដាខូចខាតអស់ចំនួន ១២ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសីនិងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន និងឃុំសន្តិភាពខូចខាតអស់ចំនួន ១៦ខ្នងផ្ទះ ដែលសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងខូចខាតសម្ភារៈដែលនៅក្នុងផ្ទះសើមទទឹកខូចមួយចំនួន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បន្ទាយមានជ័យ៖ ផឹកស្រវឹងខួបរករឿងប្រពន្ធ ពេលប្រពន្ធរត់ចោល ខឹងថាគ្មានអ្នកនៅផ្ទះដាំបាយ ដុតផ្ទះ និងម៉ូតូចោល ឆេះខ្ទិចគ្មានសល់ ត្រូវសមត្ថកិច្ចចាប់ខ្លួន កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិតោជោភ្នំឆ័ត្រ ឃុំ.ស្រុកស្វាយចេក។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ សុវណ្ណ សល់ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលជនសង្ស័យដុតផ្ទះ និងម៉ូតូ ព្រោះខឹងប្រពន្ធរត់ចោល ហើយបាននិយាយប្រាប់សមត្ថកិច្ចថា មានផ្ទះតែគ្មានមនុស្សនៅដដែល ទើបយកដែកកេស ហ្វាសដុតម៉ូតូឆេះអស់១គ្រឿងហើយបន្តដុតផ្ទះឆេះអស់១ខ្នងឈើប្រក់ស័ង្កសី បណ្តោយ៦ម៉ែត្រនិងទទឹង៥ម៉ែត្រ និងឆេះអស់ទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបថវិកា៥លានរៀលហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ។ លោកវរសេនីយ៍ឯក ជា ស្លូញ បន្ថែមថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថាខ្លួនខឹងប្រពន្ធរត់ចោលមានផ្ទះគ្មានអ្នកនៅ ទើបដុតផ្ទះ និងម៉ូតូចោល តែមិនមានអ្នកគ្រោះថ្នាក់រងរបួសនោះទេ។ ជនសង្ស័យមានប្រវត្តិប្រើប្រាស់គ្រឿងញៀនធ្លាប់ដាក់មណ្ឌល និងស្រវឹងខួបវាយធ្វើបាបប្រពន្ធរហូតរត់ចោលក្រោយសាកសួរហើយបញ្ជូនសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ (សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីគយនិងរដ្ឋករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោល

បន្ទាយមានជ័យ៖ មន្ត្រីគយនិងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តឃាត់រថយន្ត២គ្រឿងដឹកសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានដុតកំទិចចោលកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅក្បែព្រំដែនច្រករបៀងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តដឹកអ្នកដំណើរ២គ្រឿងបានធ្វើការឆែកឆេររកឃើញសាច់មាន់ គ្រឿងក្នុងមាន់ដែលលួចដាក់បង្កប់គ្មានច្បាប់ និងដឹកគ្មានលក្ខណៈបច្ចេកទេសនិងខូចគុណភាពមានទម្ងន់ ៧,២០០គីឡូក្រាម។ មន្ត្រីគយនិងរដ្ឋករតំបន់៥បានបញ្ជាក់ថា៖ ក្រោយឃាត់រថយន្ត២គ្រឿងប្រភេទតួរីស១គ្រឿងពាក់ផ្លាកលេខភ្នំពេញ2R.8419 និង១គ្រឿងទៀតប្រភេទតួរីសដូចគ្នាដែលពាក់ផ្លាកលេខកំពត2A.1040 ដែលដឹកសាច់មានគ្រឿងក្នុងមានគ្មានច្បាប់អនុញ្ញាតិ និងដឹកគ្មានលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាពត្រូវបានអនុវត្តន៍តាមនីតិវិធីបន្តហើយសាច់មាន់និងគ្រឿងក្នុងមាន់ជាង៧តោនត្រូវបានយកទៅដុតកំទិចចោលនៅជាយក្រុងសិរីសោភ័ណ។ មន្ត្រីគយ និងរដ្ឋករតំបន់៥ សុំឲ្យកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់រាល់ទំនិញគេចពន្ធ និងទំនិញខូចគុណដែលឈ្មួញលួចលាក់នាំចូលពីប្រទេសជិតខាងធ្វើឲ្យបាត់ចំណូលពន្ធរដ្ឋ និងទំនិញខូចគុណភាពធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ (សៅ នៅ)