ខេត្តរតនគិរី៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី និងមន្ត្រីជំនាញមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. កំពុងបន្តតាមដាន និងវិភាគរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រា ដែលមានលក់ និងចែកចាយក្នុងខេត្តរតនគិរី។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ អគ្គនាយដ្ឋានក.ប.ប.ប. បានចាត់បញ្ជូនមន្រ្តីជំនាញមន្ទីរពិសោធន៍ទៅខេត្តរតនគិរី ដើម្បីចូលរួមសហការជាមួយសាខា ក.ប.ប. រួមជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដេីម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់នៅខេត្តរតន:គីរី។ នៅក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញ ក.ប.ប. បានប្រមូលសំណាកគំរូចំនួន ៨៦ និងបានធ្វើវិភាគបឋមដោយប្រេីប្រាស់ឧបករណ៍ Methanol Analyzer និងបានរកឃើញថា មានសំណាកគំរូចំនួន៤ ក្នុងចំណោម៤៩គំរូផ្សេងគ្នាដែលបានវិភាគរួច មានផ្ទុកសារធាតុមេតាណុលក្នុងកម្រឹតខ្ពស់ ជាហេតុអាចបណ្តាលឱ្យពុលស្លាប់បាន។ បន្ថែមពីលើនេះ សំណាកគំរូស្រាទាំងនោះ ក៏ត្រូវបានបញ្ជូនមកមន្ទីរពិសោធន៍នៅទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគបញ្ជាក់បន្ត។
មន្ត្រីជំនាញក.ប.ប. នៅតែបន្តសហការស្រាវជ្រាវតាមដាន និងប្រមូលយកសំណាកគំរូស្រាពីបណ្ដាស្រុកផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីវិភាគបន្ត។