ខេត្តប៉ៃលិន ៖ ដើម្បីឱ្យដឹងច្បាស់ថា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនត្រូវបានរៀបចំស្អាតប៉ុណ្ណា និងក្រុមគ្រូពេទ្យបម្រើការនៅទីនោះមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺយ៉ាងណា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹងនាំក្រុមការងារចុះពិនិត្យ និងសំណេះសំណាល សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដេកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអ្នកជំងឺទូទៅ អ្នកទទួលរងគ្រោះថ្នាក់ចរាចរណ៍ កុមារ និងម្ចាស់ចាស់ដែលកើតជំងឺគ្រុនឈាម បានសម្រាកនៅក្នុងបន្ទប់មន្ទីរពេទ្យយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ យកការយកចិត្តទុកដាក់ទៅលើអ្នកជំងឺទូទៅ អ្នករងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងកុមារតូចៗ ដែលកំពុងទទួលរងការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តប៉ៃលិន ចាប់តាំងពីប៉ុន្មានខែចុងក្រោយនេះ ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលអគារមន្ទីរពេទ្យ និងបានណែនាំក្រើនរំលឹកដល់ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនថា ត្រូវតែសង្គ្រោះអ្នកជម្ងឺជាមុនសិន ចាំបំពេញឯកសារតាមក្រោយ ដោយមិនត្រូវសួររកថវិកាឱ្យបង់ថ្លៃសេវាជាមុននោះឡើយ ព្រោះជីវិតមនុស្សមានសារ:សំខាន់ជាងអ្វីៗទាំងអស់។
ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យ ត្រូវតែគោរពក្រុមសីលធម៌ វិជ្ជាជីវ:របស់ខ្លួនឱ្យបានល្អ ទោះបីជាហត់នឿយយ៉ាងណា ក៏មិនត្រូវនិយាយទៅកាន់អ្នកជំងឺតាមបែបក្រអឺតក្រទមនោះទេ។ ហើយគ្រូពេទ្យ ត្រូវតែយកចិត្តទុកដាក់មើលអ្នកជំងឺគ្រប់ប្រភេទដោយមិនរើសអើងឬប្រកាន់វណ្ណ: មាន ឬក្រឡើយ ព្រោះតួនាទីរបស់គ្រូពេទ្យ គឺជាអ្នកសង្គ្រោះជីវិតរបស់មនុស្ស មិនត្រូវធ្វេសប្រែសឡើយ ព្រោះបើមាន បញ្ហាកើតឡើងអាចនឹងនាំឱ្យខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេសង្កេតឃើញទាំងអ្នកជំងឺទូទៅ អ្នករងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ កុមារតូចៗ ដែលកើតជំងឺគ្រុនឈាម កំពុងនាំគ្នាដេកសម្រាកនៅ ក្នុងមន្ទីរពេទ្យច្រើន គួរឱ្យកត់សម្គាល់ ស្ទើរតែរកកន្លែងគ្មាន។ ជាពិសេសផ្នែកខាងកុមារ គឺមានក្មេងកើត ជំងឺគ្រុនឈាមកើនឡើង ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ។
តែពេលក្រឡេកឃើញលោកជំទាវអភិបាលខេត្តចូលទៅដល់ក្នុងបន្ទប់នៃមន្ទីរពេទ្យ មានអ្នកជំងឺខ្លះ បានងើបឈរឡើងទទួលស្វាគមន័រាក់ទាក់ ហើយលោកជំទាវ ក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែល កំពុងតែកើតមានបញ្ហាជំងឺរោគា ឱ្យឆាប់ជាធូរស្បើយ ដើម្បីត្រឡប់ទៅផ្ទះវិញ ជួយបង្កបង្កើនផលសម្រាប់ក្រុមគ្រួសារនៅតាមមូលដ្ឋានរៀងៗខ្លួន៕