ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក កងកម្លាំងទាំង ៣ប្រភេទ មេឃុំ មេប៉ុស្តិ៍ទាំង២៩មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខត្តព្រះសីហនុ បានអានសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត អ.ខ ប្រភេទ១ អ.ខប្រភេទ២ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២មានដូចជា៖ ក្រុងព្រះសីហនុ មាន ៧,៣១៣នាក់ ស្រុកព្រៃនប់ ១០,០០៨នាក់ ស្រុកស្ទឹងហាវ ១,៤០៧នាក់ ស្រុកកំពង់សីលា ១,៤៧៣នាក់ និងក្រុងកោះរ៉ុង ២០៤នាក់ សរុបក្នុងក្រុង ស្រុកទាំង៥ មានចំនួនសរុប ២០,៤០៥នាក់។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថាដំណើរការលទ្ធិប្រជាធិបតេយ្យរបស់យើងគឺល្អ ហើយការរៀបចំរបស់យើងបានល្អ ស្នើសុំក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ក្តាប់បញ្ហាទាំងនេះឱ្យបានល្អ ត្រូវអនុវត្តការងារដោយស្មារតីទទួលខុសត្រូវ ពិតមែនហើយថា យើងធ្វើកិច្ចការមិនមែនមួយថ្ងៃបោះឆ្នោតនោះទេ យើងមានបទពិសោធន៍ធ្វើកិច្ចការនេះជាច្រើនមកហើយ សុំឱ្យចាត់ទុកថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោតជាដំណាក់កាល និងពេលវេលាកម្រិតខ្ពស់ ត្រូវមានមន្ត្រីប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដោយការទទួលខុសត្រូវលើផែនការរបស់យើងដែលបានដាក់ចេញឱ្យបានហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យបរិយាកាសនយោបាយប្រជាធិបតេយ្យរបស់យើងដើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ វាមានការពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតរបស់យើងបានល្អ ជាសញ្ញាបញ្ជាក់ថា ប្រជាជនរបស់យើងបានយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ ធ្វើឱ្យយើងរក្សាបាននូវកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ យើងបេ្តជ្ញាចិត្តរួមគ្នារក្សាសុខសន្តិភាព សុវត្ថិភាព សេរីភាព របៀបរៀបរយបំរើឱ្យការបោះឆ្នោតប្រព្រឹត្តទៅល្អនៅខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ទាក់ទងការធ្វើលិខិតបញ្ជាក់ការបោះឆ្នោតនៅខេត្តព្រះសីហនុ មានជាង ២ម៉ឺននាក់ ដែលអត្តសញ្ញាណបណ្ណលើសសុពលភាព២០២២-២០២៣ តែរាជរដ្ឋាភិបាលបានចេញលិខិតពន្យាការប្រើប្រាស់នេះ សូមបងប្អូនអាចកាន់អត្តសញ្ញាណបណ្ណលើសសុពលភាពទៅបោះឆ្នោតបាន ប៉ុន្តែក្នុងចំណោមអ្នកជាង ២ម៉ឺននាក់ មន្ត្រីនគរបាលបានខិតខំធ្វើអត្តសញ្ញាបណ្ណផ្តល់ជូនពួកគាត់បានជាង ១៣,០០០សន្លឹក អញ្ចឹងនៅសល់ប្រហែលជាង ៥,០០០នាក់ទៀត និងអ្នកដែលបាត់អត្តសញ្ញាណបណ្ណ។

ឯកឧត្តម អភិបាលខេត្តបន្តថា អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់គ្រប់គ្រងបរិយាកាស ព្រោះយើងជាមន្រ្តីរាជការសាធារណៈមានភារកិច្ចទទួលខុសត្រូវរក្សាអព្យាក្រឹត្យ រក្សាតម្លៃការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ព្រោះយើងជាប្រជាពលរដ្ឋ មានសិទ្ធគាំទ្រគណបក្សនយោបាយរបស់ខ្លួន ដូច្នេះត្រូវបែងចែកតួនាទី ភារកិច្ច ឆ្លើយតបមន្ត្រីមុខងារសាធារណ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបំពេញការងារដោយអព្យាក្រឹត្យ រក្សាតម្លៃការងាររដ្ឋបាលប្រកបដោយប្រក្រតីភាព ស្របតាមរដ្ឋធម្មនុញ្ញរបស់យើងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង មានសិទ្ធចូលរួមជីវភាពនយោបាយជាមួយបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដូចនេះត្រូវបែងចែកឪ្យដាច់ម៉ោងរដ្ឋបាល យើងត្រូវដឹងថា មន្ត្រីសាធារណ មិនមែនមន្ត្រីគណបក្សនយោបាយទេ ឆ្លើយតបឱ្យបានត្រឹមត្រូវពីតួនាទី ភារកិច្ចរបស់យើង ជាមន្ត្រីមុខងារសាធារណ ឯថ្ងៃឈប់សម្រាក ឬម៉ោងឈប់សម្រាក បងប្អូនមានសិទ្ធដើម្បីចូលរួមជីវិភាពនយោបាយជាមួយគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ប្រទេសកម្ពុជាបានលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ទោះបីបងប្អូនជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តែបងប្អូនជាពលរដ្ឋកម្ពុជា បងប្អូនមានសិទ្ធិចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយគ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតនៅខេត្តព្រះសីហនុ មានចំនួន ១២គណបក្សនយោបាយ យើងមានកាតព្វកិច្ចការពារ ថែរក្សាគណបក្សនយោបាយទាំង១២ ឱ្យធ្វើសកម្មភាពស្របតាមច្បាប់នៅលើដែនដីរដ្ឋបាលនៅខេត្តរបស់យើងដូចគ្នា ដើម្បីឱ្យបរិយាកាសនយោបាយនៅខេត្តព្រះសីហនុ រក្សាបានល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយបានល្អ ជាផ្នែកមួយសំខាន់ នៃការជំរុញដំណើរការប្រជាធិបតេយ្យឱ្យរីកចម្រើនធំធាត់ថែមទៀត៕

Leave a Reply

Your email address will not be published.