ខេត្តកណ្តាល៖ ការរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់ ទាំងអស់គ្នា ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេង កីឡាយ៉ាងតិចមួយប្រភេទ” គឺក្នុងបំណងចង់ ប្រមូលផ្តុំជួបជុំកីឡាករ កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំផុសឱ្យពួកគាត់ ចូលរួមហាត់ប្រាណ និងលេងកីឡាពេញមួយជីវិត ដើម្បីសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ពិសេសជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។
នេះជាការលើកឡើងរបស់ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ត្រូវចេះ លេងកីឡាយ៉ាងតិចមួយប្រភេទ” នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ។
ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍បន្តថា តាមរយៈការរៀបព្រឹត្តិការណ៍កីឡានេះ គឺពិតជាបានរួមចំណែកអនុវត្តនូវមុំទី១ គីការអភិវឌ្ឍ មូលធន មនុស្ស ដែលបានផ្តោតទៅលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា” និងមុំទី២៖ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន ដែលមានចែងក្នុងបញ្ចកោណទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា គណៈកម្មការរៀបចំការប្រកួត ដែលបានចាត់ចែង រៀបចំការប្រកួតនេះ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់ប្រកបដោយជោគជ័យ ឯកឧត្ដមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ បន្តនាំគ្នា ចូលរួមហាត់ប្រាណ និងលេងកីឡា ឱ្យបានជាប្រចាំ ដើម្បីសុខុមាលភាពហើយត្រូវជៀសឱ្យឆ្ងាយ ពីគ្រឿងញៀន ជម្ងឺឆ្លង ជាពិសេសជម្ងឺអេដស៍ និងអំពើអបាយមុខផ្សេងៗ។
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡានេះប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពី ថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ មាន ៤៩ ក្រុម ក្នុងនោះមាននារីមាន១៥ ក្រុម មានកីឡាករ កីឡាការិនីចូលរួមសរុប ៨៦៤ នាក់ ស្រី ២៧៥ នាក់។
សូមបញ្ជាក់ថា ចំពោះលទ្ធផលប្រកួត -កីឡាប៉េតង់ ផ្នែកមនុស្សចាស់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករកំពង់សំណាញ់ ផ្នែកយុវជន ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព១ ផ្នែកនារីចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកសិដ្ឋានអមរៈ។ -កីឡាបាល់បោះ ផ្នែកនារី លេខ១ បានទៅលើ យុវជនតាខួយសាច់អាំង ផ្នែកបុរសលេខ១ បានទៅលើក្រុម លីណា caffe999 ។ -កីឡាបាល់ទះ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមរួមចិត្តតែមួយ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមយុវជនកណ្ដាល។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ ផ្នែកមនុស្សចាស់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវ័យចាស់មហាមិត្ត ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ផ្នែកបុរសលេខ១ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន ជ័យវរ្ម័នទី៧។