នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា អនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរ នៃរាជបណ្ឌិត្យសភា និងជាព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យខួប ១០០ថ្ងៃ និងបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ នៅវត្តសាមគ្កីគីរីស្ទឹងឆាយ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រមទាំងមានការនិមនចូលរួមពីព្រះចៅអធិការវត្តនានាក្នុងខេត្ត ព្រះសង្ឃ និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអានសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ ព្រះតេជគុណ មន្ត្រីសង្ឃសាលាគណៈខេត្តព្រះសីហនុ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងញាតិ នៃព្រះសព។ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា ព្រះសាសនមង្គល ហ្វាន់ បឿន ( (វិជិត្តប្បញ្ញោ) ព្រះរាជាគណៈកិត្តិយស និងជាព្រះវិមលសាគរព្រះមេគណខេត្តព្រះសីហនុ ព្រះអង្គបានទទួលព្រះអនិច្ចធម្មនៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២:០៩នាទីថ្ងៃត្រង់ ក្នុងព្រះជន្មាយុ ៦៤ព្រះវស្សា ដោយរោគាពាធ នៅវត្តសាមគ្គីគីរីស្ទឹងឆាយ ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយាសូមសម្តែងនូវក្ដីសង្វេគ និងសូមចូលរួមរំលែកនូវមរណទុក្ខប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយស្រណោះអាឡោះ អាល័យជាទីបំផុត ព្រោះថាការទទួលព្រះអនិច្ចធម្មរបស់ព្រះសាសនមង្គល ហ្វាន់ ហឿន គឺជាការបាត់បង់នូវព្រះបិតាសង្ឃខេត្ត ជាបុញ្ញក្ខេតដ៏ប្រសើរ និងជាឥស្សរជន សមណសង្ឃពហុស្សូត ហើយក៏ជាសមណសក្យបុត្តដ៏ល្អ ឆ្នើមមួយព្រះអង្គ ដែលបានលះបង់អស់កម្លាំងព្រះកាយពល ព្រះបញ្ញាញាណនៅក្នុងការលើកស្ទួយដល់តម្លៃវប្បធម៌ ព្រះពុទ្ធសាសនា និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានបន្សល់ទុកនូវស្នាព្រហស្ថដ៏ច្រើនទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមបួងសួងឧទ្ទិសមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ថ្វាយប្រគេនដួងព្រះវិញ្ញាណក្ខន្ធព្រះសពព្រះសាសនមង្គល ហ្វាន់ បឿន សូមនិមន្តកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ ព្រះតេជគុណគ្រប់ព្រះអង្គ និងញាតិនៃព្រះសព ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់ទទួលនូវអភិវន្ទនកិច្ចជ្រះថ្លា និងសេចក្តីស្រឡាញ់រាប់អានពីខ្ញុំព្រះករុណាខ្ញុំ និងភរិយា។
បន្ទាប់មកសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនណា សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានប្រទានព្រះអគ្គី ដើម្បីបូជាព្រះសពព្រះវិមលសាគរ ហ្វាន់ ហឿន អតីតព្រះមេគុណខេត្តព្រះសីហនុ តាមទំនៀមទំលាប់ប្រពៃណីខ្មែរ។