នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤
យើងបានមកដល់សហគមន៍ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមន៍នេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៍មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៍ថ្មីមួយ ផ្តល់អោយជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សហគមន៍ ISI វ៉េងស្រេង បានបង្កើតឡើងដោយកចិត្តទុកដាក់ លើសេវាចាំបាច់សម្រាប់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល ដោយអនុវត្តតាមប្លង់នគរូបនីយកម្មសហសម័យ បង្កើតជាលំនៅឋាន ស្អាត ផ្សារសហគមន៍ ប្រកបដោយអនាម័យ មជ្ឈមណ្ឌលកីឡាសមល្មម លំហសាធារណ:ទូលាយសម្រាប់អ្នករស់នៅក្នុងសហគមន៍ និងលំហបៃតងសមស្រប ដែលបង្កើតបានជាបរិស្ថានរស់នៅដ៏ទាក់ទាញ ។
ប្រជាពលរដ្ឋប្រមាណ២មុឺននាក់ ដែលរស់នៅតំបន់វ៉េងស្រេង ទទួលបានប្រយោជន៍ពីសហគមន៍ ISI វ៉េងស្រេង។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍នេះ បានបម្រេីប្រយោជន៍ដល់សហគមន៍សេដ្ឋកិច្ច នៃតំបន់វ៉េងស្រេងទាំងមូល។ នេះជាទស្សនទាននៃ “សហគមន៍សហសម័យ” ប្រកបដោយភាពទាក់ទាញ ដែលអាចយកជាគំរូបាន៕
#ចុះបញ្ជីដីធ្លីបញ្ចប់ #កអក #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC