ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះគ្រូទាយ មួយកន្លែង រងការខូចខាតសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង នៅជាន់ទី០៣ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែងនៅជាន់ទី៣ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យនៅគោលដៅខណ្ឌសែនសុខ និងរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ ជួយចេញអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង ២០ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ(០៤ម៉ែត្រ គុណ ១៦ម៉ែត្រ) បានឆាបឆេះនៅជាន់ទី៣ ចំនួន ០១ល្វែងលេី រួមទាំងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៥៖៣០នាទីទៀបភ្លឺ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕