រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំ កម្មវិធីសង្ក្រាន្តប៉ៃលិន ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក នៅ តាមទីតាំងមួយចំនួនក្នុងខេត្តប៉ៃលិន ដោយមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូច ជា កម្មវិធីល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះ សាប៊ូ បាញ់ទឹក ត្រជាក់ កម្មវិធីប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ កម្មវិធីបោះតង់ តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានាសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេង កម្សាន្តសប្បាយរីករាយ នៅក្នុងខេត្ត មានផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុខភាព អាហារដ្ឋានមានអាហារឆ្ងាញ់ៗ មានអនាម័យល្អ និងតម្លៃសមរម្យ មានកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរណ៍ អាចបោះតង់រាំលេងកម្សាន្ត ជាមួយគ្រួសារ ឬលក្ខណៈឯកជន ដោយធានាការពារនូវ សុវត្ថិភាពជូនម្ភៃបួនម៉ោង។
រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តនៅខេត្តប៉ៃលិន អោយបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ និងសប្បាយរីករាយ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕