ខេត្តកណ្ដាល៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ជូនអាជ្ញាធរស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បាន
ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់ វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយយកចិត្តទុកដាក់បំផុត។ ករណីមានចម្ងល់ ឬមិនច្បាស់លាស់លើចំណុចណាមួយ ត្រូវហ៊ានលើកជាសំណួរដើម្បីក្រុមសម្របសម្រួល ធ្វើការបំភ្លឺបញ្ជាក់បន្ថែម។
ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីតាមបែបឌីជីថល (smart card) ដែលសបញ្ជាក់ឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជនមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដែលបានបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក។
ឯកឧត្ដមបានបន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើអោយមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ សំដៅធ្វើអោយរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតប ប្រកបដោយ ប្រសិទ្ធផលដើម្បីធ្វើអោយសំរេចគោលដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
លោក ងន់ ម័រ អគ្គនាយករង និងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល ICT បានមានប្រសាសន៍ថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម(ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផងលើសពីនេះ បណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។
លោក ងន់ ម័រ បានមានប្រសាសន៍បន្តថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅសំរេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងអភិវឌ្ឍន៍ស្ថាប័ន ហើយការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជាបណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះគឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ ដែលការងារនេះត្រូវបានបង្កើតឡើងដោយ ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់។