ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ជាង៤ពាន់នាក់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រមាណជាង៤,០០០នាក់ មុនបញ្ចប់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ។ ជំនួបនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC)។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីប្រវត្តិសាវតាមួយចំនួន នៃការបង្កើតឡើងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាសមិទ្ធផលសំខាន់ៗជាច្រើនទៀត ពិសេសក្នុងនីតិកាលដែលសម្ដេចបានកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រមាណជាង៣០ឆ្នាំមកនេះ ព្រមទាំងការធ្វើកំណែទម្រង់វិស័យរដ្ឋបាល, កំណែទម្រង់កងកម្លាំងនគរបាលជាតិ និងការងារសំខាន់មួយចំនួនទៀត។

ដើម្បីជាប្រទីបបំភ្លឺផ្លូវ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ មុនពេលសម្ដេចចាកចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនេះ, សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖

*ទី១៖ ចាប់ពីពេលនេះ រហូតដល់រាជរដ្ឋាភិបាលថ្មី ចូលកាន់តំណែងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវខិតខំរួមគ្នាធានាស្ថិរភាពការងារគ្រប់ផ្នែក ស្របតាមតួនាទី កិច្ចនៃការទទួលខុសត្រូវរៀងខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋាន និងទិសដៅផែនការសកម្មភាពការងារដែលបានកំណត់។

*ទី២៖ តាមការគ្រោងទុកសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងស្បថចូលកាន់តំណែងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ហើយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង គ្រោងនឹងធ្វើ ឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រកាសដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈកំណែទម្រង់ដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ សម្រាប់រយៈពេល ឆ្នាំខាងមុខ។

កម្ពុជាយើងក៏ដូចជាប្រទេសប្រជាធិបតេយ្យនានា បានកាន់យកគោលការណ៍គ្រប់គ្រងប្រទេស តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ និងការបោះឆ្នោត ដោយខិតខំរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ តាមអាណត្តិដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នៃប្រទេសនីមួយៗ ក្នុងនោះមន្ត្រីនយោបាយដែលជាប់ឆ្នោត ត្រូវបានរៀបចំឡើងវិញ តាមអាណត្តិនីមួយៗ ដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោត។ រីឯមន្ត្រីក្នុងមុខតំណែងមុខងារសាធារណៈ មិនតម្រូវឲ្យមានការតែងតាំងឡើងវិញ តាមអាណត្តិបោះឆ្នោតឡើយ ដើម្បីធានានិរន្តភាពការងារសាធារណៈគ្រប់វិស័យក្នុងសង្គម។

ហេតុនេះសម្ដេចមានជំនឿ និងក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ នឹងបន្តរួមសាមគ្គីគ្នា សហការគ្នាបន្តបំពេញ ការងារជាមួយរដ្ឋមន្ត្រីថ្មី នៃក្រសួងមហាផ្ទៃ ឲ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។

*ទី៣៖ ដើម្បីរួមគ្នាអនុវត្តសម្រេចបាននូវបេសកកម្មការងាររបស់ក្រសួងមហាផ្ទៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ការងារស្នូលជាចម្បង គឺត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ធានារ៉ាប់រងការងារទាំងក្នុងពេលចំពោះមុខ និងសម្រាប់មធ្យមទៅរយៈពេលវែង។ ការពង្រឹងស្ថាប័នត្រូវផ្ដោតជាសំខាន់ លើការកំណត់ឲ្យបានច្បាស់លាស់នូវរបៀបរបបគ្រប់គ្រង ដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួង និងការកំណត់តួនាទីភារកិច្ច របៀបរបបធ្វើការងារ នៅតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ និងអង្គភាពនានាឲ្យឲ្យបានច្បាស់លាស់ដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ។

លើមូលដ្ឋាននេះ ថ្នាក់ដឹកនាំក្រសួង និងអគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពនានា ត្រូវរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម ទៅរយៈពេលវែង អាចរយៈពេលបីឆ្នាំទៅរយៈពេលប្រាំឆ្នាំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ដោយមានការតាមដានត្រួតពិនិត្យ និងវាយតម្លៃឲ្យបានទៀងទាត់ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័ន។

*ទី៤៖ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាកិច្ចការស្នូលចំបងរបស់ក្រសួងមហាផ្ទៃ កន្លងមកកងកម្លាំងនគរបាលជាតិ បានខិតខំលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ រួមទាំងសន្តិសុខ សម្រាប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍នានា ដូចជាកិច្ចប្រជុំកំពូលអាស៊ាន ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមជាដើម។ បញ្ហាប្រឈមដែលនៅសេសសល់ស្មុគស្មាញ គឺករណីគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមអនឡាញ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ទន្ទឹមនេះសភាពការណ៍ពិភពលោក លោកកំពុងបន្តមានការវិវឌ្ឍប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មានបណ្ដាលមកពីការប្រកួតប្រជែង ដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ចយ៉ាងស្រួចស្រាល រវាងប្រទេសមហាអំណាចនានា ដែលស្ថានភាពនេះអាចធ្វើឲ្យសភាពការណ៍សន្តិសុខ នៅក្នុងតំបន់ និងសកលលោកមានការវិវឌ្ឍប្រែប្រួលស្មុគស្មាញផងដែរ។

ទន្ទឹមនេះ ការរីកចម្រើននៃបច្ចេកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ក៏បង្កឱកាសឲ្យពួកឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសកាន់តែឆាប់រហ័ស ងាយស្រួល និងមានល្បិចកាន់តែខ្ពស់ ផងដែរ។ ស្ថានភាពនេះតម្រូវឲ្យកងកម្លាំងនគរបាលជាតិ ត្រូវតែបង្កើនកិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន ឲ្យកាន់តែមានភាពជិតស្និទ្ធ ជាមួយអង្គការអន្តរជាតិ និងកម្លាំងអនុវត្តច្បាប់នៃប្រទេសនានា ក្នុងតំបន់ និងពិភពលោក ដើរទន្ទឹមនឹងការពង្រឹងវិធានការផ្ទៃក្នុងក្នុងប្រទេស ការបណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីនគរបាលឲ្យមានជំនាញវិជ្ជាជីវៈ ក្នុងនោះរួមទាំងជំនាញបច្ចេកវិទ្យាព័ត៌មានឌីជីថល ដើម្បីលើកកម្ពស់ថែរក្សាការពារ សន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។

*ទី៥៖ ចំពោះកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យើងបានខិតខំរួមគ្នាកសាងរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍អភិបាលកិច្ចដែលមានការចូលរួមតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដោយបានផ្ទេរមុខងារ និងធនធានជាបន្តបន្ទាប់ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។

កិច្ចការដែលត្រូវអនុវត្តបន្ត គឺត្រូវខិតខំណែនាំ សម្របសម្រួល ដំណើរការកំណែទម្រង់នេះ ដោយផ្អែកលើកម្មវិធីជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ២០២៣-២០៣០ ដើម្បីប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជារដ្ឋបាលដ៏មានសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ខាងមុខនេះ។

*ទី៦៖ ចំពោះការងារដ៏ទៃទៀត ដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក៏យើងបានរួមគ្នារៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងច្បាប់លិខិត បទដ្ឋានជាគន្លឹះនានា សម្រាប់អនុវត្តរួចហើយ។ ហេតុនេះ កិច្ចការបន្ដត្រូវខិតខំពង្រឹងការទទួលខុសត្រូវរួមគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្ត ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់សង្គម និងតម្រូវរបស់ប្រជាពលរដ្ឋ និងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

*ទី៧៖ ចំពោះអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរ ដែលមកទល់ពេលនេះថ្នាក់ដឹកនាំ មន្ដ្រីរាជការ តាមអគ្គនាយកដ្ឋាននានា ក៏បានចូលទៅបំពេញការងារជាបន្ដបន្ទាប់បានមួយចំនួនធំរួចមកហើយ។ ខ្ញុំចាត់ទុកថា អគារថ្មីនេះ ជាសមិទ្ធផល ជាស្នាដៃរួមរបស់យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ដ្រីនៃក្រសួងមហាផ្ទៃជំនាន់នេះ ហើយខ្ញុំសង្ឃឹមទុកជាមុនថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងចូលរួមគ្រប់គ្រងថែរក្សា ថែទាំនូវអគារថ្មីនេះ សម្រាប់បំពេញការងារដ៏យូរអង្វែងរាប់ជំនាន់ទៅមុខទៀត ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង។

ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង បានផ្ដល់នូវក្ដីសង្ឃឹមយ៉ាងមុតមាំលើកការប្ដេជ្ញាចិត្ត និងការគាំទ្រ និងការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់ ក្នុងការបន្ដបំពេញការងាររួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំបំពេញការងាររបស់ក្រសួងមហាផ្ទៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្ដៅបម្រើផលប្រយោជន៍ដ៏ឧដុង្គឧត្តមរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

Leave a Reply

Your email address will not be published.