ព័ត៌មានជាតិ

កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមវត្តមានឯកឧត្តម គ្រី យោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រី នាយក​ នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព និង ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្ត និងសហការីប្រតិភូ សរុបចំនួន ៣៥នាក់។

លោក នាក់ ណេរ៉ុន ក្រោមការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមត្រួតពិនិត្យចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តសៀមរាប ក្នុងគោលដៅធ្វើការពង្រឹង និងតម្រង់ដល់មន្ត្រីរាជការស៊ីវិល លើការអនុវត្តការងារ ដែលមានភារកិច្ចស្នូលរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានលើកពីលទ្ធផលការងារ និង បញ្ហាប្រឈមដែលរដ្ឋបាលខេត្តបានជួបប្រទះក្នុងឆ្នាំកន្លងមក ដោយខេត្តសៀមរាប ជាខេត្តមួយដែលទទួលភារកិច្ចលើសលប់ ខុសពីបណ្តាខេត្តផ្សេងៗ លើការងារដ្ឋបាល។ ក្នុងនោះលោក បានសូមឱ្យគ្រប់ទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តសៀមរាប ទាំងអស់ត្រូវយកចិត្តទុក្ខដាក់តាមការណែនាំរបស់ក្រុមការងារសវនកម្មផ្ទៃក្នុង។

ឯកឧត្តម គ្រី យោ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានមានបានសង្កត់ធ្ងន់លើការចុះធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្នុងពេលខាងមុខនេះ ត្រូវមានភាពច្បាស់លាស់និងមានប្រសិទ្ធភាពគណនេយ្យភាព តម្លាភាព សម្រេចឲ្យបានដូចការរំពឹងទុក ដែលថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់បំផុតទៅលើ ប្រតិភូសវនកម្មផ្ទៃក្នុង និងធ្វើជាសេនាធិការផ្ទាល់ជូនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ឯកឧត្តមបានគូសបញ្ជាក់ អំពីការងាររបស់ប្រតិភូសវនកម្មក្រសួង ក្នុងការចុះធ្វើការអង្គេតរាល់កិច្ចការដែលតាមបណ្តារដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលអនុវត្តបានត្រឹមត្រូវទៅតាមលិខិតបទដ្ឋានរបស់ក្រសួង ដោយរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ បានទទួលបៀវត្សពីរាជរដ្ឋាភិបាល។ ម៉្យាងទៀត ការត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើភាពអសកម្មរបស់មន្ត្រី តាមរយៈបញ្ជីវត្តមាន ,ការលើកសរសើរ លើកទឹកចិត្តមន្ត្រីមានភាពសុក្រិត្យ ឬ លំអៀង ធ្វើឲ្យមន្ត្រីមានការអាក់អន់ចិត្ត និង ការគ្រប់គ្រងធនធានមនុស្ស ការតម្លើងឋានន្តរស័ក្តមន្ត្រី ការតម្លើងថ្នាក់​ បានត្រឹមត្រូវជូនមន្ត្រី ប្រកបដោយតម្លាភាពឬយ៉ាងណា ? ព្រមទាំងការពិនិត្យទៅលើការងារហិរញ្ញវត្ថុ លើការចំណូល និងចំណាយ បានត្រឹមត្រូវឬក៏យ៉ាងណា។

ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំទីចាត់ការ អង្គភាព និងការិយាល័យ ចំណុះឱ្យ រដ្ឋបាលសាាលាខេត្តសៀមរាបចូលរួមកិច្ចសហការ និង បង្កលក្ខណៈភាពងាយស្រួលជូនដល់ក្រុមការងារសវនកម្ម ដោយរយៈពេលការចុះធ្វើនៅរដ្ឋបាលខេត្តសៀមរាប មានរយៈពេលតែមួយសប្តាហ៍ប៉ណ្ណោះ ៕

Leave a Reply

Your email address will not be published.