ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គីសនី​ ឆាបឆេះផ្ទះគ្រូទាយ​ មួយកន្លែង​ នៅខណ្ឌសែនសុខ និងបណ្តាលឲ្យឆេះសម្ភារៈអស់ទាំងស្រុង, នគរបាលប្រើប្រាស់រថយន្ត០៥គ្រឿង ទើបរលត់

ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះគ្រូទាយ មួយកន្លែង រងការខូចខាតសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង​ នៅជាន់ទី០៣​ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ​ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ​ មួយកន្លែងនៅជាន់ទី៣​ ភ្លាមៗនោះ​ លោកវរសេនីយ៍ឯក​ ក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យនៅគោលដៅខណ្ឌសែនសុខ​ និងរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ​ ជួយចេញអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង​ ២០ម៉ែត្រគូ​ប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់​ ថ្មបេតុង​ ទំហំ​(០៤ម៉ែត្រ​ គុណ​ ១៦ម៉ែត្រ)​ បានឆាបឆេះនៅជាន់ទី៣​ ចំនួន​ ០១ល្វែង​លេី​ រួមទាំងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៥៖៣០នាទីទៀបភ្លឺ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

Leave a Reply

Your email address will not be published.