ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ដផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សសាលាអនុវិទ្យាល័យសម្តេចឪ។ ពិធីនេះបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលា ស្ថិតនៅភូមិ០១ សង្កាត់០៣ ខេត្តព្រះសីហនុ។
ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្ត្រីមកពីមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មន្ត្រីជំនាញមកពីការិយាល័យប្រឆាំងគ្រឿងញៀន លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន២៥០នាក់ ស្រី៩៥នាក់។
លោកវរសេនីយ៍ឯក គីម សុង បានឲ្យដឹងថា ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរធ្វើឡើង ដើម្បីបញ្ជ្រាប់ដល់សិស្សានុសិស្សឲ្យយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ខ្វះការយល់ដឹងពីការប្រើប្រាស់ឲ្យបានត្រឹមនៃកន្លងផ្លូវ ស្លាកសញ្ញាចរាចរតាមដងផ្លូវ ភ្លើងស្តុប។
លោកបានបន្តថា បទបង្ហាញនេះ ធ្វើឲ្យសិស្សនុសិស្សយល់កាន់តែច្បាស់ពីហានិភ័យ ផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងដឹងពីរបៀបប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ទាំងអ្នកបើកបរ អ្នករួមដំណើរ នឹងថ្មើរជើងប្រកបដោយសុវត្ថិភាព។ លោកវរសេនីយ៍ឯក គីម សុង បានគូសបញ្ជាក់ថា ការយល់ដឹងពីច្បាប់ចរាចរណ៍ ពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់មធ្យបាយធ្វើដំណើរគ្រប់ៗរូប ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ទាំងអ្នកបើកបរ អ្នករួមដំណើរ និងដើម្បីសុវត្តិភាពពេលបើកបរ។
ការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់គ្រប់សាលាទាំងអស់ក្នុងក្រុងព្រះសីហនុ៕

Leave a Reply

Your email address will not be published.