ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់៤និងរបួស៧ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង…

(ព្រៃវែង)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីក្មេងចាស់ ចំនួន៤នាក់ស្លាប់និងរងរបួស ៧ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដ៏រន្ធត់ មួយកាលពីវេលាម៉ោង២៣និង៤៥នាទីយប់ ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៣ ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥។

សមត្ថកិច្ច​ស្រុកពាមរក៍បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តមួយ​គ្រឿងម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ​ ពាក់​ស្លាក​លេខ ២AZ-០៦១៤បាន​ធ្វើ​ដំណើរ​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ទៅ​ខាងឆ្វេង បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ដែល​បើក​មក​បញ្ច្រាស់ទិស​គ្នាយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​​​ ក្រឡាប់​ធ្លាក់​​ចេញពី​​ផ្លូវ និង​មនុស្ស​ក្នុង​រថយន្ត​១០​នាក់ ខ្ទាត​ចេញ​មក​ក្រៅ​ដេក​ស្តូកស្តឹង​ពេញ​ផ្លូវ ចំណែក​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ ក្រឡាប់​ផ្ងា​ជើង​នៅ​លើ​ផ្លូវ​។
សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់​ខាងលើ​នេះ បាន​បណ្តាលឲ្យភាគី​ខាង​រថយន្តម៉ាក​​ហា​យ​ឡែ​ន​ឌ័​រ ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស​អាយុ​៨​ខែ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៥​នាក់ ចំណែក​ភាគី​រថយន្ត​កូរ៉េ របួសធ្ងន់​២​នាក់​។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះគឺបណ្ដាលមកពីរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ បណ្ដាលឲ្យបុកគ្នាតែម្តង។

បច្ចុប្បន្ន រថយន្តទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង៕

Leave a Reply

Your email address will not be published.