ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង  ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេីរដ្ឋមន្រ្តី សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ។

ក្នុងតួនាទីជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាងមួយអាណត្តិកន្លងមកនេះ ឯកឧត្តម ឃួង ស្រេង បានបំពេញការងារបានយ៉ាងល្អ ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យមានភាពរីកចំរើនលើគ្រប់វិស័យ ។ អ្វីដែលយើងបានឃើញជាក់ស្តែងនោះ ក្នុងអាណត្តិ ឯកឧត្តម ឃួង ស្រេង រាជធានីភ្នំពេញ មានអាគារខ្ពស់ៗជាច្រើន មានស្ពាន ផ្លូវថ្មីៗ ប្រព័ន្ធលូ ប្រឡាយទឹក ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត  រហូតទទួលបានការគោរពកោតសរសើរ ពីប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ យ៉ាងខ្លាំងផងដែរ។

ដោយមើលឃើញពីស្នាដៃល្អ ក្នុងការដឹកនាំរាជធានីភ្នំពេញ កាលពីអាណត្តិចាស់ ឯកឧត្តម ឃួង ស្រេង ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ឯកឧត្តម ឃួង ស្រេង ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មេីរដ្ឋមន្រ្តី សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ បន្តទៀត៕

Leave a Reply

Your email address will not be published.