ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅថៃ ៖ ការបង្កើតអគ្គកុងស៊ុលនៅប៉ែកខាងត្បូងថៃ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញ ធ្វើឱ្យពលរដ្ឋទទួលសេវាលឿន និងកាត់បន្ថយចំណាយ

ភ្នំពេញ: តំណាងក្រុមនិស្សិតខ្មែរនិងពលរដខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ បានចេញគាំទ្រភ្លាមៗចំពោះការសម្រេចបង្កើតអគ្គកុងស៊ុលខ្មែរបន្ថែមនៅប៉ែកខាងត្បូងប្រទេសថៃ។ ជាការសម្រេចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទើបប្រកាសកាលពីម្សិលមិញទៅកាន់ប្រជាជាតិកម្ពុជា ឱ្យបានដឹងពីគោលនយោបាយថ្មីនេះសម្រាប់ពលករនិងអ្នកស្នាក់នៅប្រទេសថៃ។
ប្រភពក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឲ្យដឹងថា លោក ជាង ចាន់ណាក់ និស្សិតថ្នាក់បណ្ឌិតជំនាញភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ ដែលបានបន្ថែមការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់ខ្លួននៅឯនាយសមុទ្រ។
លោកថា “ថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី យល់ការលំបាកដល់យើងខ្ញុំជាប្រជាពលរដ្ឋ និងពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយបង្កើតកុងស៊ុលនៅសុងក្លា និងបន្ថែមអនុព័ន្ធការងារ ដើម្បីជាប្រយោជន៍ដល់និស្សិត និងពលករខ្មែរកំពុងស្នាក់នៅនៅខេត្តភាគខាងត្បូងនៅប្រទេសថៃ”។ ក្រៅពីនិស្សិតនេះ ពលរដ្ឋផ្សេងទៀតក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការបង្កើតនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប៉ែកខាងត្បូងទទួលបានសេវាកម្មគាំទ្ររបស់រដ្ឋាភិបាលបានយ៉ាងលឿងបំផុត ខណៈដែលកាលពីមុនត្រូវរងចាំយ៉ាងហោច១ថ្ងៃឬ២ថ្ងៃទំរាំក្រុមការងាររបស់ស្ថានទូតនៅក្រុងបាងកកធ្វើដំណើរទៅដល់។ សូមបញ្ជាក់ថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានប្រមាណ១.២លាននាក់៕

Leave a Reply

Your email address will not be published.