ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា

រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា ដើម្បីកិច្ចសហប្រតិបត្តិការលើសេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ។

លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយកម្ពុជា បានជំរាបជូនពីគោលបំណងកិច្ចពិភាក្សាភ្ជាប់សេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែលមានសេវាដូចជា៖ -សេវាបញ្ញើអន្តរជាតិ (ទទួលផ្ញើនិងចែកបញ្ញើ EMS, CP, LC/AO) -សេវាបញ្ញើក្នុងស្រុក -សេវាលក់តែមប្រ៍ -សេវាចែកចាយបញ្ញើ -សេវាដឹកជញ្ជូន -សេវារថយន្តដឹកអ្នកដំណើរជាដើម សេវាប្រៃណីយ៍កម្ពុជាមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ មាន១១ សាខាជុំវិញរាជធានីភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉ល និងសាខាតាមបណ្តាខេត្តទូទាំងប្រទេស និងមាននៅតាមក្រុង ស្រុក ទន្ទឹមនោះការបំរើសេវាជូនអតិថិជនតាមក្រសួង មន្ទីរ និងស្ថាប័នរដ្ឋ ដែលមានប្រភេទសេវាដូចជា ការ ចែកលិខិតក្នុងប្រទេស និងអន្តរជាតិ។ យើងជាក្រុមហ៊ុនរដ្ឋមួយដែលមានមធ្យោបាយ និងធនធានក្នុងការបំរើសេវាប្រៃណីយ៍ក្នុងស្រុកបញ្ជូនលិខិតតុលាការ (ឯកសារដីការកោះ ដីការបញ្ជូន) សេវាដឹកបញ្ញើ និងចែកបញ្ញើនៅទូទាំងរាជធានី ខេត្ត ចែកលិខិតក្នុងប្រទេស និងអន្តរជាតិ និងប្រើប្រាស់គ្រប់ប្រភេទសេវាប្រៃណីយ៍ ដើម្បីពង្រឹងគុណភាពសេវាប្រៃណីយ៍ នឹងកិច្ចសហការជាមួយច្រកចេញចូលតែមួយរបស់ខេត្តព្រះសីហនុ ដើម្បីបង្កភាពងាយស្រួលជូនអតិថិជនដែលមកទទួលសេវា ហើយចង់ឱ្យលិខិត ឬឯកសាររបស់គាត់យកទៅដល់ផ្ទះ ដោយមិនចាំបាច់មកយកនាំឱ្យខាតពេលវេលា ស្របតាមតម្រូវការរបស់អតិថិជន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្អែកតាមសំណើរបស់ប្រៃណីយ៍កម្ពុជា ដើម្បីឱ្យមន្ត្រីដែលមានការពាក់ព័ន្ធក្នុងខេត្តចូលរួមអ្វីដែលជាសេវាប្រៃណីយ៍ ពិសេសចង់ផ្សារភ្ជាប់ទៅនឹងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តព្រះសីហនុ ឯកឧត្តមសង្ឃឹមថាយើងនឹងធ្វើការផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នា និងបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឱ្យការបំរើសេវាប្រៃណីយ៍កាន់តែល្អ បំរើសេចក្តីត្រូវការរបស់អតិថិជនដែលត្រូវការសេវាដឹកជញ្ជូន និងចែកបញ្ញើប្រៃណីយ៍នៅខេត្តព្រះសីហនុ កាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានគាំទ្រសេវាប្រៃណីយ៍កម្ពុជា ដែលមានបន្ទុកសេវាសមស្របដោយការទទួលខុសត្រូវក្នុងការបញ្ជូនឯកសារ និងចែកចាយឯកសារទៅតាមមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកដោយការទទួលខុសត្រូវ ស្នើសុំឱ្យមានការពិគ្រោះយោបល់ផ្នែកបច្ចេកទេស ដើម្បីឈានទៅចុះ MOU ជាផ្លូវការ ទី១.រវាងប្រៃណីយ៍នឹងអង្គភាពច្រក ២.រវាងប្រៃណីយ៍នឹងរដ្ឋបាលខេត្តព្រះសីហនុទាំងមូលនូវលើការបញ្ជូនឯកសាររបស់រដ្ឋបាលខេត្ត ទៅកាន់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងការបញ្ជូនឯកសាររបស់រដ្ឋបាលខេត្តទៅកាន់មន្ទីរ អង្គភាពក្រោមឱវាទដោយការទទួលខុសត្រូវទាំងអស់គ្នា។

Leave a Reply

Your email address will not be published.