ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ទាំង២៩នៃខេត្តព្រះសីហនុ។
លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ ធ្វើកិច្ចសហប្រតិបត្តិការល្អលើការផ្តល់សេវាសង្គមកិច្ច ក៏ដូចការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធជាមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ជូនជនដែលមានពិការភាពក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងយុត្តសាស្ត្របញ្ចកោណ តំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី ក្រោមកាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែផ្ដល់ភាពសំខាន់ចាំបាច់ចំពោះគោលនយោបាយក្នុងវិស័យសង្គមកិច្ច តាមរយៈការដាក់គោលនយោបាយគាំពារសង្គមជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៦ ដែលនឹងចាប់ផ្តើមអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣ គឺមានកំណត់ក្នុងមុំទី៤ នៃបញ្ចកោណទី១។ ការងារពិការភាព គឺជាការងារដ៏ចាំបាច់មួយផ្នែក ក្នុងចំណោមការងារផ្សេងៗរបស់យើងទាំងអស់គ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងន័យផ្តល់សេវាបម្រើប្រជាជន ប្រកបដោយគុណភាពជូនជនមានពិការភាពក៏ដូចជារួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយសមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខ ប្រាក់ចំណូលរបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពាធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។