ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល ជំរុញដល់រដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំងលោក លោកស្រីចៅសង្កាត់ ទាំងអស់ក្នុងក្រុងអរិយក្សត្រ រួមគ្នាផ្ដាច់ញាចិត្តសម្រេចឱ្យបានជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នាពេលខាងឆាប់ៗនេះ។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធាន PWG ខេត្តកណ្តាល បានជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម បន្តថា៖ នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ចង់សម្រេចឱ្យបាន ចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្ដម បានឱ្យដឹងទៀតថា៖ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង គ្រួសារមានទឹកស្អាតប្រើប្រាស់ មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យ មាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)នៅឆ្នាំ២០២២។
ជាមួយគ្នានេះផងដេរ ឯកឧត្ដម បានក្រើនរំលឹកថា៖ ត្បិតថា ខេត្តកណ្តាលទទួបាលជ័យលាភីជាខេត្ត ODF រួចហើយក្តី ប៉ុន្តែការធ្វើឱ្យប្រជាជននៅជនបទ មានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដែលជាចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាគោលបំណងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្ដម អភិបាលរងខេត្ត មានជំនឿជឿជាក់ថា ការជំរុញឱ្យសម្រេចបាន ODF+ នេះ គឺពិតជាអាចធ្វើទៅបាន ហើយធ្វើបានយ៉ាងលឿន ថែមទៀតផង។ ព្រោះបើយោងលើសូចនាករ ដូចដែលតំណាងមន្ទីរអភិវឌ្ឍន៍ជនបទ បានលើកឡើងនាពេលមុននេះ គឺខេត្តកណ្តាលហាក់ដូចជាមានស្ទើរគ្រប់លក្ខខណ្ឌស្រេចទៅហើយ។ ប៉ុន្តែទោះយ៉ាងណាយើងមិនត្រូវមោទនភាព ដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួន ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាប័ន្ននៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវាផងដែរ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា សហការគ្នា ប្តេជ្ញាធ្វើឱ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន ODF+ ទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។