ឯកឧត្តមអ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបាន និងបន្តជំរុញនូវយុទ្ធនាការដាំដើមឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់ចេញនូវវិធានការ៤ចំណុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ
១. បញ្ចប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើសជំរុញការអនុវត្តច្បាប់១០០%។
២. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ។
៣. ក្រសួង/មន្ទីរបរិស្ថានសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្ក្រាបបទល្មើស។
៤. ជំរុញការស្ដារ និងដាំដើមឈើឡើងវិញដើម្បីពង្រីកគម្របព្រៃឈើ ឲ្យបាន ៦០% នៅឆ្នាំ ២០៥០
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា «ការអនុវត្តច្បាប់ ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យា ហើយដោះលែង គឺជាការមិនគោរពច្បាប់»។
ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី បានអោយដឹងថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឲ្យតែចាប់បាន គឺមិនអនុញ្ញាតឲ្យធ្វើកិច្ចសន្យា ហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាការ ជាដាច់ខាត ហើយប្រសិនបើករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិទុកជូនឯកឧត្តមជាអ្នកសម្រេច។
ការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្ត្រីក្រោមឱវាទ ឱ្យបានត្រឹមត្រូវ ហ្មត់ចត់ គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ។
ជាមួយគ្នានេះដែរក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តរួចទៅហើយ លើអាទិភាព ចំនួន៣ រួមមាន ៖ ទី១. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ទី២. ការបង្កើតថ្នាលបណ្តុះកូនឈើទូទាំងប្រទេសជាង ១លានដើម ក្នុងមួយឆ្នាំៗ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើ និងទី៣. អេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយចីរភាព (យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា) ។
នាយកដ្ឋានទាំងអស់ខាងលើនេះ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៤៦០តំបន់ ដែលចាំបាច់ត្រូវមានការរួបរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យបានផែនការយុទ្ធសាស្ត្ររួមរបស់កម្ពុជា ៕