ព័ត៌មានជាតិ

លោក ឆាយ ឌួងសាវុធ បានគូសបញ្ជាក់ថា ក្រោយពីទទួលបទបញ្ជារបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវវិធានការចំនួន៤ចំណុចនោះមក មន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតដូចភ្លៀងរលឹមនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន

ជាក់ស្តែង ដើម្បីបំភ្លឺឱ្យកាន់តែច្បាស់ជូនសាធារណជនពាក់ព័ន្ធនឹងការចុះផ្សាយថាមានការករណីជនខិលខូចលួចធ្វើផ្លូវសម្រាប់ដឹកឈើចេញពីព្រៃឡង់នោះប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។

ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានមន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានលើកឡើងព្រមគ្នាអំពីការអំពីចំណាត់ការយ៉ាងតឹងរឹងចំពោះការគ្រប់គ្រងធនធានធម្មជាតិជាពិសេសនៅពេលថ្មីៗនេះ ដោយអនុវត្តតាមការបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន៤ចំណុច ដែលធ្វើឱ្យបបទល្មើសបំផ្លាញធនធានធម្មជាតិមិនមានកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនោះទេ ជាពិសេសនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»។

សូមជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

ទី១៖ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ទី២៖ ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

ទី៣៖ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

និង៤៖ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕

Leave a Reply

Your email address will not be published.