ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់គ្នាឱ្យបានមុនដំណាច់ឆ្នាំនេះ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទព្រះសីហនុ បានរាយការណ៍ ស្តីពីវឌ្ឍនភាពការងារជំរុញការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងខេត្តព្រះសីហនុ សំដៅលុបបំបាត់ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ដែលត្រូវបានសហភាពអ៊ឺរ៉ុប បានដាក់កម្ពុជាក្នុងបញ្ជីកាតក្រហម និងដើម្បីរក្សាបាននូវធនធានធម្មជាតិ។
លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន ៤៨៨គ្រឿងបានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី ហើយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន៣៣៧ គ្រឿង និងប្រមូលចំណូលសរុបបានចំនួន២៧.៥៥០.០០០រៀល ជាមួយនឹងសម្របសម្រួល លើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសេវាសរុប។
ក្នុងឱកាសនោះដែរ ដើម្បីបន្តជំរុញការចុះបញ្ជីទូកនេសាទ និងដោះស្រាយបញ្ហាប្រឈម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុង ស្រុក សូមបន្តផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជានេសាទមកទទួលសេវាការសុំចុះបញ្ជីទូកនេសាទឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្តនឹងជួយសម្រួលនៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ ហើយក្រោយពីឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជីនឹងមិនត្រូវបានអនុញ្ញាតឱ្យនេសាទក្នុងលម្ហសមុទ្រនៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ វាធ្វើឱ្យប៉ះពាល់គុណតម្លៃរបស់ជាតិ។ ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពច្រកចេញចូលតែមួយដែលបញ្ជាក់ថាបានស្នើសុំសេវារួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា រួចរង់ចាំទទួលប័ណ្ណសម្គាល់ទូកនេសាទតាមក្រោយ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ជួយសម្របសម្រួល ការធ្វើអត្តសញ្ញាណកម្មរបស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួលមកបំពេញបែបបទចុះបញ្ជីបានលឿនឆាប់ ដើម្បីគាំទ្រប្រជានេសាទរបស់យើងឱ្យមានភាពងាយស្រួលក្នុងការទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើនេសាទ។ ចំពោះទាក់ទងនឹងការចុះបញ្ជីនាវានេសាទពួកគាត់ទទួលបានសិទ្ធិក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតីទទួលខុសលើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណាឱ្យប្រជានេសាទរបស់យើងមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទទួលបានសិទ្ធក្នុងការធ្វើនេសាទក្នុងដែនសមុទ្ររបស់យើងដោយស្របច្បាប់។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា យើងគ្រោងនឹងចុះទៅធ្វើការជួបជាមួយបងប្អូនប្រជានេសាទ ក៏ប៉ុន្តែដោយសារតែកត្តាពេលវេលា យើងមិនទាន់មានពេលទៅជួបពួកគាត់ យើងនឹងព្យាយាមរកពេលវេលាណាមួយសមស្រប ដើម្បីទៅជួបបងប្អូនប្រជានេសាទ ដើម្បីឈ្វេងយល់អំពីសុខទុក និងកង្វល់របស់ពួកគាត់ ថាតើមានបញ្ហាអ្វី រឿងអ្វី ក្នុងនាមយើងជាអាជ្ញាធរត្រូវចូលរួមចំណែកលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទរបស់យើងមានលទ្ធភាពចេញទៅធ្វើនេសាទដោយស្របច្បាប់ ទទួលបានផលនេសាទយកមកចិញ្ចឹមក្រុមគ្រួសារ បង្កើនជីវភាពគ្រួសាររបស់ពួកគាត់បានល្អប្រសើរបន្ថែមទៀតនៅពេលខាងមុខ។