(កំពង់ឆ្នាំង)៖ជារៀងរាល់ឆ្នាំក្នុងរដូវសម្រក ខណៈទឹកទន្លេត្រៀមហូរចេញពីតំបន់ឡូនេសាទ,បឹងបួរ,និងវាលទំនាបផ្សេងៗដោយហូរតាមព្រែក,ប្រឡាយ, ឬចង្អូ ចូលមកទន្លេវិញ បើតាមទម្លាប់ដល់រដូវនេះ គឺក្រុមឈ្មួញធំៗក៏ត្រូវចាប់ ផ្តើមរៀបចំនូវឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក,ប្រឡាយ,និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក, ឬរបាំងស្បៃមុងជាដើម ដើម្បីត្រៀមស្ទាក់ចាប់ត្រី ដែលហ្វូងត្រីទាំងនោះ កាលពីរដូវទឹកឡើង ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ហ្វូងត្រីក៏បាននាំគ្នីគ្នាឡើងតាមទឹក ដើម្បីរកទីកន្លែងព ងកូន នៅពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំ ងនោះក៏បាននាំបណ្ដើរ កូនចៅរបស់វាចុះតាមទឹកហូរ តាមប្រឡាយ ព្រែក ចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹក ជ្រៅសម្រាប់ចិញ្ចឹមកូនចៅឲ្យរស់រានមានជីវិតបន្តពូជពង្សផងដែរ។
ប៉ុន្តែជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយ នៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទ ន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។
នៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។ទើបតែនៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំ ណឹងមកដល់សហគមន៍នេសាទ និងសហព័ន្ធសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង និងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែ ក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាង លើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីជ្រាបនិងអនុវត្តផងដែរ។
លោក ឈឹម ឈឿន តំណាងគណៈ កម្មការសហព័ន្ធស ហគមន៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា: ចំពោះការនេសាទ ដោយប្រើឧបករណ៍ ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ស្ទាក់ចាប់ត្រីខាងលើនេះ កន្លងមកគឺមានការអនុញ្ញាតច្បាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលលោកអនុញ្ញាតឱ្យសហគមន៍ធ្វើការនេសាទចាប់ត្រីរយៈ ពេល៣ខ្នើត ក្នុងមួយរដូវ ដើម្បីយកត្រីធ្វើប្រហុក ផ្អកចែកប្រជាពលរដ្ឋក្នុងក្នុងសហគមន៍។
តែចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះទៅ គឺក្រសួងកសិកម្មនិងមិនអនុញ្ញាតឲ្យមានការនេសាទដោយប្រើឧបករណ៍ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ដើម្បីស្ទាក់ចាប់ត្រី នៅក្នុងខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះឡើយ។លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះចំនួនព្រែក ប្រឡាយ និងចង្អូរផ្សេងៗ ដែលជាទីតាំងសម្រាប់ការនេសាទត្រី ដែលធ្លាប់ធ្វើពីឆ្នាំមុនៗកន្លងមក បើរាប់ត្រួសៗទាំងតូចទាំងធំមានប្រមាណជិត៣០ទីតាំងឯណោះនៅទូទាំងខេត្តកំពង់ឆ្នាំង។
ពាក់ព័ន្ធករណីខាងលើនេះផងដែរ លោក ងិន ហ៊ុន ប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏ បានប្រាប់ ឲ្យដឹងដែរថា: ករណីនេះលោកបានប្រជុំផ្សព្វផ្សាយដល់បណ្ដា សង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលជលផលឲ្យធ្វើការផ្សព្វផ្សាយបន្តតាមបណ្ដាសហគមន៍នេសាទជាបន្ទាន់ នៅទូទាំងខេត្ត គឺលោកបានប្រជុំផ្សព្វផ្សាយតាំងពីមួយខែមុនម៉្លេះដោយមិនអនុញ្ញាតឲ្យមានការនេសាទដាក់របាំងធ្នស់ផកជិតព្រែកនៅតាមបណ្ដាព្រែក ប្រឡាយនិងចង្អូរផ្សេងៗដើម្បីស្ទាក់ចាប់ត្រីជាបន្តទៀតឡើយ ដោយចាប់អនុវត្តពីរដូវសម្រក ឆ្នាំ២០២៣នេះទៅ។ក្នុងនោះដែរលោកក៏បានដាក់ផែនការយ៉ាងតឹងរឹងដល់មន្ត្រីជលផល សង្កាត់ ផ្នែក និងនាយខណ្ឌ ត្រូវទទួលខុសត្រូវតាមបណ្ដាផ្នែកនីមួយៗបើសង្កាត់ និងផ្នែក ដែលខ្លួនគ្រប់គ្រងកើតមានបទល្មើសនេសាទដូចខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រៀងៗខ្លួន។
លោកបានបញ្ជាក់អោយដឹងទៀតថា:មួយរយៈនេះនៅតាមបណ្ដាព្រែកខ្លះបានធ្វើសកម្មភាពបោះបង្គោលធ្នស់រៀបចំដាក់ជារបាំង ដើម្បីស្ទាក់ចាប់ត្រីខ្លះហើយ ដូចជានៅស្រុកកំពង់ត្រឡាច និងជលគីរី តែក៏ត្រូវបានមន្ត្រីសង្កាត់ ផ្នែករបស់យើងនៅទីនោះ បានចុះណែនាំដល់ប្រជានេសាទទាំងនោះឲ្យធ្វើការរុះរើវិញជាបន្ទាន់ផងដែរ។ដូច្នេះករណីនេសាទដោយការដាក់របាំងផ្ជិតព្រែកនៅក្នុងខេត្តកំពង់ ឆ្នាំង ចាប់ពីឆ្នាំ២០២៣នេះទៅ គឺលោកមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត។ក្នុងឱកាសនេះដែរលោកក៏សូមអំពាវនាវដល់មន្ត្រីជំនាញ ពិសេសគឺសហគមន៍នេសាទតាមបណ្ដាសហគមន៍ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាការពារនិងទប់ស្កាត់ចំពោះបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការដាក់របាំងធ្នស់ផ្ជិតព្រែកប្រឡាយ ឬចង្អូរផ្សេងៗនៅតាមបណ្ដាមូលដ្ឋាន សុំកុំឲ្យកើតមានឲ្យសោះ៕