នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកជំទាវ រដ្ឋលេខាធិការ បានប្រសាសន៍ស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឲ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ ហើយ សហការគ្នាពីគ្រប់អង្គភាព ស្ថាប័ន ក្នុងការពិនិត្យលើរបៀប និងទម្រង់នៃការឆ្លើយតប ទៅនឹងការស្នើសុំរបស់អាមេរិក។
គួរជម្រាបថា ពាក់ព័ន្ធទៅនឹងកម្រងសំណួរវាយតម្លៃ ត្រូវបានបែងចែកជូនក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, គណៈកម្មាធិការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕