ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដាថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត ប្រទេសហ្វីលីពីន មានសម្ពាធទាប សកម្មមួយ អាចនឹងវិវត្តទៅជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើង ប្រទេសហ្វីលីពីន ។
នៅក្នុងសេចក្ដីជូនដំណឹង បានសរសេរទៀតថា លក្ខណៈធាតុអាកាសបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម និងបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោក ខ្លាំង ព្រមទាំងរលកសមុទ្រ មានកម្ពស់ខ្ពស់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវនៅក្នុងសេចក្តីជូនដំណឹង ខាងលើ សូមសាធារណជន បង្កើនការប្រុងប្រយ័ត្ន អំពីគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ ពីបាតុភូតធម្មជាតិនេះ៕