ភ្នំពេញ ៖ កាលពី ថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។
ជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។ លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។
នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ ទៅ៥ម៉ូតូ កំពុងដេញតាមម៉ូតូរបស់ជនសង្ស័យ ទើបកម្លាំងសមត្ថកិច្ច ប្រដេញតាមឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវលំ១កន្លែង បន្ទាប់ពីជនសង្ស័យជិះរត់គេចដល់ផ្លូវទាល់ រហូតប្លុងម៉ូតូចោល រួចលោតចូលប្រឡាយទឹកស្អុយ ទើបសមត្ថកិច្ចក្របួចបានទាំង២នាក់ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីប្រគល់ជូនម្ចាស់មូលដ្ឋានវិញ។
ជនសង្ស័យទី១-ឈ្មោះ សុខ ចាន់សីហា ភេទប្រុស អាយុ២១ឆ្នាំ ធ្លាប់បានធ្វើសកម្មភាពឆក់ចំនួន៣លើក ចំណែកជនសង្ស័យទី២-ឈ្មោះ សេង ឡៅ អាយុ២០ឆ្នាំ ធ្លាប់ឆក់បានសម្រេចចំនួន២ដង តែលើកនេះបានធ្វើសកម្មភាពចាប់ដៃគូគ្នា រួចក៏ត្រូវសមត្ថកិច្ចក្របួចបានទាំង២តែម្តង៕