សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទាំងស្រុកចន្ទ្រា និងក្រុងបាវិត ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមករហូតទទួលបានជោគជ័យគួជាទីមោទន:។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយនូវឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្តីប្រកាសព័ត៌មាន លេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បីសំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន៕