នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោក Arj Samarakoon នាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន Plus94 Fund ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៤ នៅលើពិភពលោក និងមានបុគ្គលិកបម្រើការងារចំនួន ៥ ០០០ នាក់ ដោយផ្ដល់សេវាកម្មប្រឹក្សាយោបល់ និងសេវាគាំទ្រប្រតិបត្តិការអាជីវកម្មដូចជា សេវា Call Center និងសេវាគ្រប់គ្រងទិន្នន័យអាជីវកម្ម។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញបំណងវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច នៅកម្ពុជាផងដែរ។ លោកនាយកប្រតិបត្តិ ក៏បានជម្រាបបន្ថែមទៀតថា ក្រោយដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន កាលពីឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានកត់សម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា ដែលមានដូចជា ភាពប្រកួតប្រជែងខាងប្រាក់ឈ្នួល ជាមួយនឹងកម្លាំងពលកម្ម ដែលមានសមត្ថភាព ជំនាញ និងភាសាបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ការវិនិយោគ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន Plus 94 Fund ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគលើការផ្ដល់សេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ច។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ទន្ទឹមនឹងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ជូនដល់ លោកនាយកប្រតិបត្តិ អំពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ប្រមាណ១លាន៥សែននាក់ សំដៅលើកកម្ពស់គុណភាព សមត្ថភាព និងផលិតភាពនៃពលកម្មរបស់កម្ពុជា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារ និងវិនិយោគិន។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួល និងគាំទ្រ និងរៀបចំផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ៕