(ប៉ៃលិន) ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអតីតមន្រ្តីយោធា បានទៅដាក់ម៉ងស្រាប់តែលង់ទឹកលិចបាត់ ប្រពន្ធរកមិនឃើញបានស្រែកឱ្យអ្នកជិតខាងជួយដើររក និងចុះរាវក្នុងទឹកស្រះ ដោយចំណាយពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ព្រោះស្រះទឹកធំហើយជ្រៅ រហូតដល់ពេលព្រឹក ទើបប្រទះឃើញសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ប្រភពពីអ្នកជិតខាងបានអោយដឹងថា ការលង់ទឹកលិចបាត់នេះនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ហើយបានរកសពឃើញនៅម៉ោង៧ព្រឹកថ្ងៃទី១៣ខែមិនា ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មាន ឈ្មោះ ឡុំ លាវ ភេទប្រុស អាយុ៦៥ឆ្នាំ ជាអតីតមន្រ្តីយោធា រស់នៅក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះ ដែលមានជម្រៅជាង៤ម៉ែត្រ។
ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំប្រ ពន្ធរបស់ខ្លួន ទៅដាក់មងនៅក្នុងស្រះទឹកខាងលើ។ ពេលគាត់កំពុងតែរាយមង ស្រាប់តែប្រពន្ធសុំទៅផ្ទះ ងូតទឹក១ភ្លែត។ លុះពេលប្រពន្ធត្រឡប់មកវិញ រកមើល មិនឃើញប្តីរបស់ខ្លួន ក៏សួរអ្នកជិតខាង និងដើររកក្បែរៗ នោះនៅតែមិនឃើញដដែល ទើបប្រពន្ធស្រែកហៅកូន និងសាច់ញាតិបងប្អូនឱ្យចុះទៅជួយរាវរកក្នុងទឹកស្រះ ដោយអ្នកខ្លះមុជទឹករាវរក អ្នកខ្លះទៀត ប្រើអួនអូសរកមើលជនរងគ្រោះ ក៏នៅតែរកមិនឃើញដដែល ដោយម្នាក់ៗ នាំគ្នារកតាំងពីល្ងាចរហូតដល់ម៉ោង៩ជាង នៅតែមិនឃើញក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
ប្រភពបញ្ជាក់ទៀតថា រហូតដល់ព្រឹកឡើងកូនបានចុះទៅរាវក្នុងស្រះ ស្រាប់តែប្រទះឃើញសពតែម្តង។
មុនពេលបុរសខាងលើចុះទៅដាក់មងក្នុងទឹកស្រះ គាត់ក៏បានហូបស្រាបៀរ ប្រហែល២ ទៅ៣កំប៉ុងដែរ នេះប្រហែលជាធ្វើឱ្យគាត់ស្រវឹង និងកើតជាជំងឺខ្យល់គ. មិនអាចហែលទឹកស្រះបាន ក៏បណ្តាលឱ្យលង់ស្លាប់បែបនេះតែម្តង។
ក្រោយពេលកើតហេតុ មន្រ្តីនគរបាល និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលសពជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែននិងបានប្រគល់សពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕