ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន លោក លោកស្រី គណៈប្រតិភូអង្គការ Water Aid ដែលអញ្ជើញមកពីប្រទេសអូស្ត្រាលី ទីម័រ និងកម្ពុជា ដែលបាន ធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់អំពីស្ថានភាព ទឹកស្អាត និងអនាម័យ និងយុទ្ធសាស្ត្រសម្រេចបានស្ថានភាព ODF និង ODF+ នៅខេត្តកណ្តាលនា ក្នុងឱកាសដែលខេត្តកណ្ដាល សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅថ្នាក់ជាតិ និងបានប្រកាសផ្ទៃក្នុងរបស់ខេត្ត ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF+ នៅដើមឆ្នាំ២០២៤នេះ។
មានប្រសាសន៍ក្នុងជំនួបនេះដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានលើកឡើងថា៖ អាស្រ័យដោយចង់ឱ្យរដ្ឋបាលខេត្តកណ្តាល មានកិត្តិយស មានកេរ្តិ៍ឈ្មោះ មានកិត្យានុភាព ជាពិសេសចង់ឱ្យប្រជាពលរដ្ឋខេត្តកណ្តាល មានសុខភាពល្អ មានជីវភាពធូរធារ មានអនាម័យបរិស្ថានស្អាត រដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក ឃុំ/សង្កាត់ មេភូមិ អង្គការដៃគូ បានប្តេជ្ញាចិត្តរួមគ្នាថាត្រូវតែសម្រេចឱ្យបានខេត្តកណ្តាលជាខេត្ត ODF និងODF+។
លោកស្រី ប្រធានមន្ទីរ បន្តថា៖ ភាពជោគជ័យ នៃការសម្រេចបាន ODF និង ODF+នេះ គឺអាស្រ័យដោយមានការគាំទ្រពីគ្រប់ ភាគីពាក់ព័ន្ធ ទាំងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ ក៏ដូចអង្គការដៃគូ ជាពិសេសការគាំទ្រជាសម្ភារ និងថវិកា ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តែម្តង រួមទាំងរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សប្បុរសជននានា ក៏ដូចអង្គការដៃគូផងដែរ។
លោកស្រី ប្រធានមន្ទីរ បានឱ្យដឹងទៀតថា៖ ស្ថានភាពអនាម័យខេត្តកណ្តាលនៅឆ្នាំ២០២៣ បង្ហាញឱ្យឃើញថា ខ្នងផ្ទះសរុប មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែងមានចំនួន ២៦៨,០៩២ខ្នងផ្ទះ ខ្នងផ្ទះសរុបមានបង្គន់ប្រើមានចំនួន ២៦៨,០៩២ ខ្នងផ្ទះ ស្មើ១០០% ក្នុងនោះ ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួនមានចំនួន ២៦៤, ៥៤៥ ស្មើ ៩៨.៧%, ខ្នងផ្ទះប្រើបង្គន់រួមមានចំនួន ៣,៥៧៥ ស្មើ ១.៣%, ក្រុង/ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុក, ឃុំសង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់, ភូមិ ODF+ មានចំនួន ១,០១០ភូមិ។