ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕

Leave a Reply

Your email address will not be published.