នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក សមាជិក សមាជិកា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
១. មតិបើក និងដឹកនាំអង្គប្រជុំ
២. បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ
៣. របាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំបង្កេីតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៤. ការចូលរួមមតិយោបល់របស់សមាជិកអង្គប្រជុំ
៥. មតិបូកសរុបបិទអង្គប្រជុំ។
ក្រុមការងារអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ បានរាយការណ៍ អំពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.ក មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
-ឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ
-មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័ស
-មន្ទីរអង្គភាពជំនាញ ត្រូវចេញអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន
-ក្នុងករណីអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ដែលមិនទាន់បានប្រតិភូកម្ម មន្ទីរអង្គភាពសាម៉ី ត្រូវដេីរតួនាទីតាមយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ ជូនក្រសួងស្ថាប័នសាមី ដេីម្បីពិនិត្យសម្រេច។