ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ ជម្រុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខា ភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។

ការថ្លែងបែបនេះរបស់លោកជំទាវ អភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋា ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជានារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីជំរុញឲ្យវិស័យសុខា ភិបាល ក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធអង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការដែលបាន ដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេស គ្រប់ គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រង បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរពីសំណាក់ ថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.