ខេត្តកណ្ដាល៖ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាង ៥០០នាក់។
ក្នុងពិធីនេះ ឯកឧត្តម ចាន់ សុធា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃឱ្យបានទូលំទូលាយ និងកៀងគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម ។
ឯកឧត្តម បានបញ្ចាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បើបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្អស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្អស់។ ដូច្នេះដើម្យីធានាដល់ការបំពេញតួនាទី ជាសេនាធិការជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៏ខ្ពង់ខ្អស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទើបក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមនេះឡើង។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីវឌ្ឍនភាពថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ដែលបានរៀបចំផែនការយុទ្ធសាស្រ្ត ដែលមានសង្គតិភាពជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយការអនុវត្តកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់នានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញដល់រដ្ឋបាលគ្រប់ថ្នាក់ ត្រូវ ខិតខំយកចិត្តទុកដាក់ស្តាប់ឱ្យយល់ នូវបទបង្ហាញអំពីផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ ដើម្បីអាចអនុវត្តឱ្យបានតាមចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ ខេគឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹង ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នាំឱ្យប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។