ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំលេខ ១ រដ្ឋបាលខេត្តសៀមរាប បានបេីកកិច្ចប្រជុំ គាំទ្របច្ចេកទេស និងជំរុញការអនុវត្តរបស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី តំណាងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី តំណាង មន្ទីរ អង្គភាព លោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៦នាក់។
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានដឹកនាំក្រុមការងារគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកគោលដៅទាំង៤ មន្ទីរ អង្គភាព ទីចាត់ការចំណុះសាលាខេត្ត មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ចាប់តាំងពីដំណាក់កាលទី១ (២០១៦-២០១៨) និងដំណាក់កាលទី២(២០១៩-បច្ចុប្បន្ន) ដែលកិច្ចការងារនេះ ជាផ្នែកមួយនៃការងារកំណែទម្រង់ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោក អភិបាលរងខេត្ត បានបញ្ជាក់ថាកិច្ចប្រជុំនេះ ដើម្បីធ្វើការត្រួតពិនិត្យ វឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ ជំរុញការអនុវត្តសកម្មភាព ពិនិត្យមើលការរៀបចំរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំផែនការអនុវត្តបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តសកម្មភាពស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៣ និងសម្រេចឱ្យបានក្របខ័ណ្ឌលទ្ធផលរបស់គម្រោង និងបញ្ជាក់ពីសារៈសំខាន់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលជាផ្នែកផ្គត់ផ្គង់ នៃការងារគណនេយ្យភាពសង្គម ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គម តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ(ប្រជាពលរដ្ឋ) ឱ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះ៕